(កំពង់ឆ្នាំង)៖ ក្លឹបកីឡាចំបាប់យាយព្រីងមានរិទ្ធ មានភាពល្បីល្បាញតាមរយៈការដណ្ដើមបានមេដាយរាប់សិបគ្រឿងជូនខេត្តកំពង់ឆ្នាំង ហើយនៅខែមករា ឆ្នាំ២០២៤ ខាងមុខនេះ សហព័ន្ធកីឡាចំបាប់កម្ពុជាតម្រូវឱ្យ ក្លឹបកីឡាចំបាប់យាយព្រីងមានរិទ្ធត្រៀមកីឡាករ-កីឡាការនីចូលរួមប្រកួតថ្នាក់ជាតិនៅរាជធានីភ្នំពេញ។
លោកគ្រូ ឈាង ឆាន ដែលជាគ្រូចំបាប់ប្រចាំក្លឹបយាយព្រីងមានរិទ្ធ ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងអញ្ចាញ ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា កីឡាផ្នែកចំបាប់នេះ គឺមានវ័យចំណាស់ជាយូរ លង់មកហើយតាំងពីបុរាណកាលមក ហើយត្រូវបានកូនខ្មែរជំនាន់ក្រោយអភិរក្ស និងថែរក្សាកេរ្តិ៍ដំណែលមួយនេះរហូតមកដល់បច្ចុប្បន្ន សព្វថ្ងៃនេះនៅតាមបណ្ដាខេត្តជាច្រើនក្នុងប្រទេសកម្ពុជា នៅពេលមានពិធីបុណ្យប្រពៃណី ជាតិផ្សេងៗ ដូចជា បុណ្យក ឋិនទាន បុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំខ្មែរ ឬបុណ្យប្រពៃណីជាតិនានា គេតែងបង្កើតពិធីប្រកួតកីឡាចំបាប់ផ្នែកបុរាណ ដើម្បីបង្កើនបរិយាកាសរីករាយនៅក្នុងពិធីបុណ្យទាំងនោះផងដែរ។
រីឯការប្រកួតកីឡាបោកចំបាប់បែបបុរាណនេះដែរ ចំណែកលក្ខខណ្ឌនៃការប្រកួត គឺមិនមានលក្ខខណ្ឌអ្វីច្រើនដូចកីឡាចំបាប់បែបសម័យទំនើបនាបច្ចុប្បន្ននោះទេ ចំបាប់បុរាណគឺតម្រូវចាំបាច់កីឡាករ កីឡាការិនីត្រូវប្រើកម្លាំង ថាមពលល្បិច ស្នៀតបោកផ្តួល ធ្វើយ៉ាងណាឲ្យភាគីគូប្រកួតខ្នងដល់ដី នោះនិងទទួលបានជ័យជម្នះហើយ។ដោយឡែក កាលពីសម័យបុរាណ ក៏មានគុនល្បុក្កតោ គុនដំបង និងគុនដាវផងដែរ តែកីឡាទាំងអស់នោះ ពុំសូវបានយកមកប្រកួតសាកកម្លាំងគ្នាដូចកីឡាផ្នែកចំបាប់នេះទេ តែកីឡាទាំងអស់នេះគឺជាមរតក និងជាអត្តសញ្ញាណជាតិ។
លោកគ្រូបានបន្តទៀតថា បច្ចុប្បន្ននេះកីឡាផ្នែកចំបាប់បានចែកចេញជា២ប្រភេទ មួយគឺចំបាប់បែបបុរាណ និងចំបាប់បែបសម័យទំនើប សម្រាប់ប្រទេសកម្ពុជា កីឡាចំបាប់បែបសម័យទំនើបពុំសូវមានការទាក់ទាញ ពីក្រុមយុវជនសម័យក្រោយចូលហាត់រៀនច្រើននោះទេ។ប៉ុន្តែកីឡាផ្នែកចំបាប់សម័យទំនើបនេះ បច្ចុប្បន្នគឺមានរចនាសម្ព័ន្ធគ្រប់គ្រងត្រឹមត្រូវ យើងមានសហព័ន្ធយើងមានក្លឹបយើងមានកីឡាករ កីឡាការិនី និងមានគ្រូបង្វឹកត្រឹមត្រូវ ហើយក៏មានស្នាដៃក្នុងការប្រកួត ហើយក៏មានឱកាសក្នុងការចូលប្រកួតជាលក្ខណៈអន្តរជាតិ ដូចជាកីឡាអូឡាំពិក ស៊ីហ្គេម និងការប្រកួតថ្នាក់ជាតិ មានមេដាយមាស មេដាយប្រាក់ និងមេដាយសម្រិត បំពាក់ជូនកីឡាករ កីឡាការិនីដែលទទួលបានជ័យជម្នះទៀតផង។ តែការរីកចម្រើនខ្លាំង គឺកីឡាចំបាប់ផ្នែកបុរាណ គឺកំពុងពេញនិយម និងមានការអភិរក្សនៅទូទាំងប្រទេស ដែលគេបានរៀបចំការប្រកួតនៅក្នុងពិធីបុណ្យទានផ្សេងៗស្ទើរគ្រប់ខេត្ត ក្រុង។
លោកគ្រូបានឲ្យដឹងទៀតថា លោកគ្រូបានធ្វើជាគ្រូបង្ហាត់ផ្នែកចំបាប់សម័យទំនើបនេះ ជាច្រើនឆ្នាំមកហើយ ដែលបច្ចុប្បន្នមានសិស្សប្រុសស្រីចំនួន១៥នាក់ និងធ្លាប់បាននាំសិស្សចូលរួមការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិជាច្រើនលើក ដោយកីឡាករ កីឡាការិនីដែលជាសិស្សរបស់លោកគ្រូទទួលបានទាំងមេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធរាប់សិបគ្រឿងនាំមកជូនខេត្ត និងក្លឹបដែលនេះគឺជាមោទនភាពសម្រាប់ខេត្តកំពង់ឆ្នាំង និងក៏ជាមោទនភាពសម្រាប់ក្លឹបយាយព្រីងមានរិទ្ធិរបស់លោកគ្រូផងដែរ។
នៅអំឡុងខែមករា ឆ្នាំ២០២៤ខាងមុខនេះ សហព័ន្ធកីឡាចំបាប់កម្ពុជាតម្រូវឲ្យក្លឹបរបស់លោកគ្រូត្រៀមកីឡាករ កីឡាការនី ដើម្បីចូលរួមប្រកួតថ្នាក់ជាតិនៅភ្នំពេញ។ ឆ្លៀតក្នុងឱកាសនេះ លោកគ្រូ រួមទាំងសិស្សទាំងអស់បានឱ្យថ្នាក់ដឹកនាំខេត្តគាំទ្រលើកទឹកចិត្តដល់ក្រុមកីឡាករ កីឡាការិនីរបស់លោកគ្រូ នៅរាល់ការប្រកួតទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ។
លោកគ្រូ និងសិស្សទាំងអស់សំណូមពរដល់ថ្នាក់ដឹកនាំខេត្ត និងសប្បុរសជន មេត្តាជួយឧបត្ថម្ភដំបូលសម្រាប់ជាម្លប់នៅកន្លែងទីតាំងហ្វឹកហាត់ ដែលមានទំហំប្រមាណ១០គុណនិង១០ម៉ែត្រមួយខ្នង សម្រាប់សិស្សហ្វឹកហាត់បានស្រួលទាំងខែប្រាំង និងខែវស្សា៕